History of Khmer Newyears
មានតំណាលថា នៅដើមនៃភទ្ទកប្ប មានសេដ្ឋីម្នាក់មានបុត្រមួយ ឈ្មោះ “ធម្មបាលកុមារ” ជាអ្នកមានចំណេះវិជ្ជាដ៏វិសេស រៀនចេះចប់ត្រៃវេទតាំងពីអាយុបាន៧ឆ្នាំ។ សេដ្ឋីបិតាបានសាងប្រាសាទឱ្យនៅទៀបដើមជ្រៃមួយធំ នៅឆ្នេរទន្លេដែលជាទីនៅនៃបក្សីទាំងឡាយ ធម្មបាលកុមារនោះបានចេះទាំងភាសាបក្សីទាំងពួង ហើយបានជាអាចារ្យសម្ដែងមង្គលផេ្សងៗដល់មនុស្សទាំងពួងផង។
គ្រានោះមនុស្សលោករមែងរាប់អានព្រះមហាព្រហ្ម និងកបិលមហាព្រហ្ម១អង្គទៀតដែលជាអ្នកសម្ដែងមង្គលដល់មនុស្សទាំងពួង។
ពេលនោះកបិលមហាព្រហ្មបានជ្រាបព័ត៌មានក៏ចុះមកសួរបញ្ហានឹងធម្មបាលកុមារ៣ខ ដោយសន្យាទុកថា បើដោះប្រស្នាបាន នឹងកាត់ព្រះសិរទ្រង់ដើម្បីបូជាចំពោះធម្មបាលកុមារ តែបើដោះមិនរួចនឹងកាត់ក្បាលធម្មបាលកុមារវិញ។ ធម្មបាលកុមារសុំឱ្យពន្យារពេលចំនួន៧ថ្ងៃសិនដើម្បីគិតប្រស្នានោះ។
លុះកន្លងទៅ៦ថ្ងៃហើយក៏នៅតែគិតមិនឃើញ ដឹងខ្លួនថាព្រឹកនេះនឹងត្រូវស្លាប់ដោយអាជ្ញាកបិលមហាព្រហ្មជាប្រាកដហើយ។ ដូច្នេះគួរតែរត់ទៅលាក់ខ្លួនពួនអាត្មាឱ្យស្លាប់ដោយខ្លួនឯង ប្រសើរជាង ទើបចុះពីប្រាសាទទៅដេកពួននៅក្រោមដើមត្នោតមួយគូ។ ដើមត្នោតនោះមានសត្វឥន្ទ្រីញីឈ្មោលធ្វើសំបុកអាស្រ័យនៅ។ វេលាយប់ ឥន្ទ្រីញីសួរឥន្ទ្រីឈ្មោលថា៖
«ព្រឹកស្អែកយើងបានអាហារពីណាស៊ី?»
ឥន្ទ្រីឈ្មោលឆ្លើយថា៖
«យើងនឹងស៊ីសាច់ធម្មបាលកុមារដែលត្រូវកបិលមហាព្រហ្មសម្លាប់ ព្រោះដោះប្រស្នាមិនរួច!»
ឥន្ទ្រីញីសួរថា៖
«ប្រស្នានោះដូចម្ដេច?»
ឥន្ទ្រីឈ្មោលឆ្លើយ៖
«វេលាព្រឹកសិរីសួស្ដីស្ថិតនៅទីណា? ត្រូវឆ្លើយថា នៅមុខ ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលុបមុខ! ខ១ទៀតថា ថ្ងៃត្រង់សិរីស្ថិតនៅត្រង់ណា? ត្រូវឆ្លើយថា នៅទ្រូង ហេតុនោះទើបមនុស្សត្រូវយកទឹកលាងទ្រូង! ខ១ទៀតថា វេលាល្ងាចសិរីស្ថិតនៅទីណា? ត្រូវឆ្លើយថា នៅជើងហេតុនេះ ទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើង!»
ធម្មបាលកុមារបានឮដូច្នេះ ក៏ត្រឡប់ទៅប្រាសាទវិញ។
ព្រឹកឡើងកបិលមហាព្រហ្មក៏មកសួរប្រស្នា ធម្មបាលកុមារឆ្លើយដោះស្រាយតាមដែលបានឮមក។ កបិលមហាព្រហ្មក៏ហៅទេពធីតាទាំង៧អង្គដែលជាបាទបរិចាវិកាព្រះឥន្ទ្រមកដើម្បីប្រាប់ថា៖
«ឥឡូវបិតាត្រូវកាត់ព្រះសិរដើម្បីបូជាចំពោះធម្មបាលកុមារ តែបើដាក់ក្បាលនោះលើផែនដី នោះនឹងកើតជាភ្លើងឆេះទាំងលោកធាតុ បើបោះទៅលើអាកាសភ្លៀង នោះនឹងរាំង បើចោលក្នុងមហាសមុទ្រនោះទឹកនឹងរីងស្ងួតហួតអស់! ដូច្នេះសូមឱ្យបុត្រីទាំង៧អង្គយកពានមកទទួលព្រះសិរបិតា!»
ថាហើយព្រះអង្គក៏កាត់ព្រះសិរហុចទៅឱ្យព្រះនាងទុង្សាជាកូនច្បង។ ព្រះនាងទុង្សាក៏បានយកពានមកទទួលព្រះសិរបិតា រួចហែប្រទក្សិណភ្នំព្រះសុមេរុ៦០នាទី ទើបអញ្ជើញទៅប្រតិស្ឋានទុក ក្នុងមណ្ឌលនៅក្នុងគុហាគន្ធមាលី ភ្នំកៃលាស បូជាគ្រឿងទិព្វផេ្សងៗ។ ព្រះវិស្សកម្មទេវបុត្រក៏និមិត្តរោងទិព្វធ្វើពីកែវ៧ប្រការ ឈ្មោះថា “ភគ វតីសភា” ឱ្យជាទីប្រជុំនៃទេវតាលុះដល់គម្រប់១ឆ្នាំជា សង្ក្រាន្តតនាងទេពធីតាទាំង៧ក៏ផ្លាស់វេនគ្នា មកអញ្ជើញព្រះសិរកបិលមហាព្រហ្មចេញមកហែប្រទក្សិណភ្នំព្រះសុមេរុជារៀងរាល់ៗឆ្នាំ ហើយត្រឡប់ទៅស្ថានទេវលោកដើម្បីតម្កល់វិញ។
ឈ្មោះទេពធីតាមហាសង្ក្រាន្ត និងគ្រឿងអាភរណៈ៖
-ថ្ងៃអាទិត្យ ទុង្សាទេវី សៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាគ សោយផ្លែឧទុម្ពរ អាវុធស្កាំកងចក្រ ឆ្វេងស័ង្ខ ពាហនៈ គ្រុឌ។
-ថ្ងៃចន្ទ គោរាគទេវី សៀតផ្កាអង្គាបុស្ស គ្រឿងប្រដាប់បុក្តា សោយប្រេង អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈ ខ្លា។
-ថ្ងៃអង្គារ គោរាក្សសាទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរា សោយលោហិត អាវុធស្តាំត្រីសូល៍ ឆ្វេងធ្នូ ពាហនៈ អស្សតរ។
-ថ្ងៃពុធ មណ្ឌាទេវី សៀតផ្កាចម្ប៉ា គ្រឿងប្រដាប់ពិទូរ្យ សោយទឹកដោះសិប្បី អាវុធស្ដាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈ លា។
-ថ្ងៃព្រហស្បតិ៍ កិរិណីទេវី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត សោយសណ្ដែក ល្ង អាវុធស្ដាំកង្វេរ ឆ្វេងកាំភ្លើង ពាហនៈ ដំរី។
-ថ្ងៃសុក្រ កិមិរាទេវី សៀតផ្កា ចង្កុលនី គ្រឿងប្រដាប់បុស្សរាគម សោយចេកណាំវ៉ា អាវុធស្ដាំព្រះខ័ន ឆ្វេងពិណ ពាហនៈ ក្របី។
-ថ្ងៃសៅរ៏ មហោទរាទេវី សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលវត័ន៍ សោយសាច់ទ្រាយ អាវុធស្ដាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈ ក្ងោក។
ទំនៀមចូលឆ្នាំ
ទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន៣ថ្ងៃ។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត ថ្ងៃទី២ជាថ្ងៃវារៈវន័បត ថ្ងៃទី៣ជាថ្ងៃឡើងស័ក។ ឯការកំណត់ខែ ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេព្តាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់នោះ គេអាចដឹងបានយ៉ាងទៀងទាត់ ដោយអាស្រ័យតាមក្បួនហោរាសាស្ត្របែបបុរាណគឺក្បួនមហាសង្ក្រាន្តនេះឯង។
ចាប់ពីត្រឹមសម័យក្រុងនគរធំឡើងទៅ ខ្មែរយើងប្រើចន្ទគតិ (វិធីដើរនៃព្រះចន្ទ) ទើបកំណត់យកខែមិគសិរជាខែចូលឆ្នាំ ហើយជាខែទី១ ខែកក្តិក ជាខែទី១២។ លុះក្រោយមកទើបគេនិយមប្រើសុរិយគតិ (វិធីដើរនៃព្រះអាទិត្យ) ជាសំខាន់វិញ ហើយកំណត់ចូលឆ្នាំក្នុងខែចេត្រ (ខែទី៥) ដែលជាឆ្នាំកំណត់ព្រះអាទិត្យចូលកាន់មេរាសី ហើយថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី១៣ ខែមេសា (ចេត្រ) រៀងរាល់ឆ្នាំ ប៉ុន្តែយូរៗទៅមានភ្លាត់ម្តងៗ ចូលឆ្នាំក្នុងថ្ងៃទី១៤ ក៏មានខ្លះដែរ។
សម្រាប់រណ្ដាប់ទទួលទេវតាតាមទំនៀមពីបុរាណរហូតមក ត្រូវរៀបរានទទួលទេតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតាមានជាអាទិ៍ បាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពាន១គូ ចេកនួន ចេកនាំវ៉ាដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខ រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។
ស្រេចហើយនៅវេលាម៉ោងដែលទេវតាចុះមក ត្រូវជួបប្រជុំគ្រួសារដើម្បីថ្វាយបង្គំព្រះនមស្សការព្រះរតនត្រ័យសមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធ ជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹង គិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឭក លុះចប់ពិធីទទួលទេវតា។
ឯពិធី៣ថ្ងៃនៃថ្ងៃចូលឆ្នាំនោះគឺ៖
ថ្ងៃទី១៖
គេយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត។ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាងវាលុកចេតិយនៅជុំវិញព្រះវិហារ ឬនៅជុំវិញដើមពោធិណាមួយនៅក្នុងវត្តនោះ។ នៅពេលព្រលប់ គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និមន្តលោកចំរើន ព្រះបរិត្ត និងសម្ដែងធម្មទេសនា។
ថ្ងៃទី២ ៖
កូនចៅជូនសម្លៀកបំពាក់ នំចំណី លុយកាក់ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតាជាដើម។ ជួនកាលគេធ្វើទានដល់មនុស្សបម្រើ ឬអ្នកក្រីក្រទៀតផង។ ពេលរសៀល គេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិស្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចចូឡាមណីចេតិយ ហើយនិមន្តព្រះសង្ឃបង្សុកូលចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបងប្អូនដែលបានស្លាប់ទៅ។
ថ្ងៃទី៣ ៖
ពេលព្រឹកនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់។ ពេលល្ងាចនិមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប (តាមការនិយមនៃស្រុកខ្លះ)។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដូចជាលេងបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែងជាដើម និងមានរបាំត្រុដិ (ច្រើនមាននៅខេត្តបាត់ដំបង សៀមរាប) ជាពិសេសទៀតគឺរាំវង់ តែអាស្រ័យទៅតាមការនិយមចូលចិត្តរបស់មនុស្សម្នាក់ៗ គឺខ្លះនិយមនាំគ្នាដើរកម្សាន្តបន្ត ខ្លះនិយមធ្វើបុណ្យទានតាមវត្តអារាម។
វាលុកចេតិយ
ពាក្យសាមញ្ញហៅថា «ពូនភ្នំខ្សាច់»។ ការពូនភ្នំនេះ គឺគេយកខ្សាច់សុទ្ធមកចាក់នៅកណ្ដាលទីធ្លាដែលគេបានកំណត់ រួចពូនឱ្យចេញជារាងចេតិយបែរមុខទៅទិសខាងកើត ហើយគេសន្មតហៅថា «វាលុកចេតិយ» គឺតំណាងឱ្យព្រះចូឡាមណីចេតិយដែលសាងសម្រាប់បញ្ចុះព្រះកេសា និងព្រះចង្កូមកែវនៃព្រះពុទ្ធបរមគ្រូ។ ការពូនភ្នំនេះ បច្ចុប្បន្នតំបន់ខ្លះ គេនិយមពូនភ្នំអង្ករនៅសាលាឆាន់ ឬក្នុងព្រះវិហារផងដែរ។ ភ្នំខ្សាច់ដែលគេពូនមិនមានកំណត់ថា ត្រូវមានខ្នាតតូចខ្ពស់ទាបប៉ុណ្ណាទេ គឺប្រព្រឹត្តទៅតាមការពេញចិត្តរបស់អ្នកសាង។ ប៉ុន្តែចាំបាច់ត្រូវមានភ្នំមួយនៅកណ្ដាល ហើយត្រូវមានភ្នំតូចៗ ៤ព័ទ្ធជុំវិញគ្រប់ទិសតូចទាំង៤។ នៅជុំវិញភ្នំ គេមានធ្វើរាជវ័ត តុបតែងលំអស្លឹកដូង ស្លឹករំសែជាបួនជ្រុងមានទ្វារចេញចូលតាមទិសធំទាំង៤។
នៅជុំវិញរាជវ័ត គេមានរៀបរានទេវតាគ្រប់ទិសទាំង៨។ នៅលើរានទេវតានីមួយៗ គេរៀបស្លាធម៌មួយគូ បាយសី១ថ្នាក់មួយគូ ទៀន៥ ធូប៥ ផ្កាភ្ញី និងអុជទៀនធូបថ្វាយ។ នៅពីមុខភ្នំខ្សាច់ក្រៅរាជវ័ត គេរៀបរានធំៗបីទៀតសម្រាប់ថ្វាយព្រះយមរាជ ស្ថិតនៅកណ្ដាលខាងឆ្វេងរានព្រះយមរាជ គឺរានព្រះពុទ្ធគុណ និងខាងស្តាំគឺរានព្រះពិស្នុការ។ រានធំទាំងបីនេះ គឺគេរៀបគ្រឿងសក្ការៈបូជាដូចរានទេវតាដែរ តែបាយសីខ្ពស់រហូតដល់៩ថ្នាក់ និងមានដាក់សម្លៀកបំពាក់ឆ្វេងស្តាំ ហើយមានដាក់ក្រយាថ្វាយសោយទៀតផង។ ការសាងវាលុកចេតិយនេះ ដោយគេសំគាល់ថា នឹងបានជាផល្លានិសង្សវិសេសវិសាលណាស់ ដូចមានសំដែងក្នុងរឿង «អានិសង្សវាលុកចេតិយ» មហាសំការសូត្រ។
ព្រះបរមសាស្តា ទ្រង់បានសម្ដែងអំពីអានិសង្សដែលបានកសាងបុណ្យកុសលក្នុងឱកាសដាច់ឆ្នាំចាស់ចូលឆ្នាំថ្មី ដោយពិស្ដារថា អ្នកដែលបានផ្ងូតទឹកឱ្យមាតាបិតាគ្រូឧបជ្ឈាយាចារ្យ ឬព្រះសង្ឃក្នុងឱកាសសង្ក្រាន្តនោះ រមែងជាស្ដេចម្ចាស់ផែនដីមានរិទ្ធិដ៏មហិមា សំបូរដោយរតនៈ៧ប្រការ ដេរដាសដោយពពួកនាងនារីសឹងមានរូបឆោមដ៏ល្អ និងសំបូរដោយចតុរង្គសេនា ជាអ្នកបាននូវសេចក្តីសុខគ្រប់យ៉ាង។
មានរឿងនិទានផ្សេងៗហៅថា «អានិសង្សវាលុកចេតិយ» ជារឿងដែលគេតែងជាភាសាខ្មែរមកយូរ ហើយ មានចំនួន១ខ្សែ សម្ដែងអំពីការសាងវាលុកចេតិយថា មានផល្លានិសង្សជាអនេកប្បការវេលាឆ្លងវាលុកចេតិយ គេច្រើនយករឿងនេះទេសន៍។ ក្នុងរឿងអានិសង្សវាលុកចេតិយនោះ នាំនិទាន ៣ រឿងមកប្រកបជាឧទាហរណ៍៖
និទានទី១
ដំណាលពីព្រះពោធិសត្វ នាមបារិកជាអ្នកឈ្មួញសំពៅ នាសម័យមួយបារិកបើកសំពៅទៅជួញបានប្រទះឃើញផ្នូកខ្សាច់សល្អនៅតាមឆ្នេរសមុទ្រ ក៏បបួលពួកពាណិជ្ជដែលទៅជួញជាមួយគ្នាបើកសំពៅឆៀងចូលចតនៅទៀបផ្នូកខ្សាច់នោះ ហើយនាំគ្នាកជាវាលុកចេតិយឧទ្ទិសជាតំណាងចូឡាមណីចេតិយដែលបញ្ចុះព្រះចង្កូមកែវរបស់ព្រះពុទ្ធ អំពីបុណ្យសឹងបុរាណសឹងប្រតិស្ឋាននៅឋានត្រៃត្រឹង្សទេវលោក ស្រេចហើយពួកពាណិជ្ជទាំងនោះក៏បេះយកផ្កាឈើមកបូជា ដើរប្រទក្សិណ៣ជុំ ហើយនាំគ្នាចុះសំពៅបើកចេញទៅជួញតទៅទៀត។
បារិកពោធិសត្វ និងពួកឈ្មួញអម្បាលនោះលុះរំលាយខន្ធទៅ ហើយបានទៅកើតជាទេវបុត្រនៅស្ថានសួគ៌ជាច្រើនជាតិ។ លុះច្យុតពីសួគ៌ក៏កើតក្នុងមនុស្សលោកបានជាស្ដេចឯករាជ្យជាច្រើនជាតិ និងត្រារាប់ពុំបានឡើយ ក្នុងទីបំផុត បារិកពោធិសត្វ ក៏បានត្រាស់ជាព្រះពុទ្ធដោយអំណាចផល្លានិសង្សដែលបានសង់វាលុកចេតិយ។
និទានទី២
តំណាលពីនាយ មានអ្នកនេសាទម្នាក់ (មិនប្រាកដឈ្មោះ) នាយនេសាទនោះធ្វើតែបាបសម្លាប់សត្វបរិភោគតាំងពីតូចរហូតដល់ចាស់ មិនដែលបានធ្វើបុណ្យដល់ម្ដងសោះ។ នាថ្ងៃមួយ មានភិក្ខុសង្ឃ ១អង្គនឹកអាណិតនាយនេសាទខ្លាំងណាស់ ក៏គិតរកឧបាយឱ្យបានសាងបុណ្យកុសលខ្លះ។ លុះគិតដូច្នេះ លោកក៏ឃ្លុំចីវរកាន់បាត្រដើរទៅរង់ចាំផ្លូវនាយនេសាទ។ ថ្ងៃនោះវេលាព្រឹក នាយនេសាទលីលំពែង១ និងពុនបាយ១កញ្ចប់ចេញទៅព្រៃ ដើម្បីស្វែងរកសត្វមកចិញ្ចឹមជីវិតដូចកាលសព្វដង។
ដំបូងនាយនេសាទប្រកែកដាច់ថា មិនព្រមប្រគេន តែភិក្ខុនោះចេះតែទទូចសុំអត់មិនបាន ក៏រំលែកបាយ១ពំនូតប្រគេន។ ក្រោយមក កាលនាយនេសាទរំលាយខន្ធស្លាប់ទៅ ត្រូវពួកយមបាលយកខ្លួនទៅសួរយកចម្លើយអំពីរឿងកាលនៅមនុស្សលោកនោះបានធ្វើបុណ្យខ្លះដែរឬទេ? នាយនេសាទតបថា៖
«មិនបានធ្វើបុណ្យអ្វី ធ្វើតែបាបតាំងពីតូចមក!»
ពួកយមបាលក៏នាំគ្នាចាប់បោះទៅក្នុងរណ្ដៅភ្លើងនរក តែមិនឆេះ ត្រលប់ជាខ្ទាតចេញមកវិញ។ យមបាលនឹកឆ្ងល់ ក៏សួរបញ្ជាក់ថែមទៀត ទទួលនាយនេសាទក្រលេកទៅឃើញអណ្ដាតភ្លើងមានសម្បុរដូចចីវរលោកសង្ឃ ក៏នឹកឃើញដល់ទានដែលខ្លួនបានធ្វើ ទើបឆ្លើយថា៖ «កាលនៅមនុស្សលោកបានធ្វើទានបាយមួយពំនូតដល់ភិក្ខុ១អង្គដែរ!»
ពួកយមបាលប្រាប់ថា៖
«បើដូច្នេះ អ្នកឯងត្រូវទៅកើតឯស្ថានសួគ៌មួយអាទិត្យ លុះដល់ថ្ងៃទី៨ យើងនឹងយកខ្លួនមកឱ្យទទួល ទោសនៅឋាននរកនេះវិញ!»
ក្នុងមួយរំពេចនោះ វិញ្ញាណរបស់នាយនេសាទ ក៏បានទៅកើតឯស្ថានសួគ៌ឈ្មោះថា អន្នំលោកង្សិន៍ទេវបុត្រ មានទំហំ១២យោជន៍ បរិបូរណ៍ទៅដោយសម្បត្តិ និងស្រីទេពកញ្ញាបម្រើត្រៀបត្រា មាននាងសុវណ្ណឱរៃជាទេពី។ អន្នំលោកង្សិន៍ទេវបុត្រសោយសម្បត្តិមកបាន៦ថ្ងៃ នឹកឃើញដល់បណ្ដាំយមបាល ក៏កើតសេចក្ដីទុក្ខទោមនស្សពន់ប្រមាណ ហើយចូលទៅដេក។ នាងសុវណ្ណឱរៃឃើញដូច្នេះ ក៏ចូលទៅសួរ អន្នំលោកង្សិន៍ទេវបុត្រក៏រ៉ាយរ៉ាប់រឿងប្រាប់តាំងអំពីដើមរហូតដល់ចប់។
នាងសុវណ្ណឱរៃលួងលោមថា៖
«បើដូច្នោះ សូមព្រះអង្គកុំជាទុក្ខទោមនស្សឡើយ ត្បិតព្រះពុទ្ធសម្ដែងថា ទោះអ្នកណាធ្វើបាប អម្បាលម៉ានក្តី បើចង់ឱ្យរួចអំពីកម្មពៀរដែលខ្លួនធ្វើហើយ គប្បីសាងវាលុកចេតិយធ្វើបុណ្យឆ្លង ហើយនឹងរួចអំពីកម្មពៀរនោះហោង! ហេតុនេះសូមព្រះអង្គធ្វើតាមព្រះពុទ្ធបន្ទូលនេះចុះ ទៀងជាដោះរួចចាកកម្មពៀរជាមិនខាន!»
អន្នំលោកង្សិន៍ទេវបុត្របានឮដូច្នោះ ក៏សោមនស្សទើបចាត់ការសាងវាលុកចេតិយ និងធ្វើបុណ្យឆ្លងហើយស្រេចក្នុងរវាង៧ថ្ងៃនោះឯង។ លុះដល់ថ្ងៃទី៨ វេលាព្រឹកព្រហាម ពួកយមបាលក៏ទៅដល់ស្រែកហៅរកខ្លួនអន្នំលោកង្សិន៍ទេវបុត្រឱ្យចេញមក។ គ្រានោះអន្នំលោកង្សិន៍ទេវបុត្រគេចមុខចេញ នាងសុវណ្ណឱរៃចេញមកទទួល។ និយាយជាសំណួរតបយមបាលថា៖
«យើងមិនព្រមបើកឱ្យស្វាមីយើងទៅទេ! ព្រោះស្វាមីយើងបានសាងវាលុកចេតិយ និងធ្វើបុណ្យឆ្លងរួចហើយ បាបកម្មទាំងពួងក៏ជ្រះអស់អំពីខ្លួនហើយ តែបើនៅតែត្រូវការយកខ្លួនទៅធ្វើទោស ក៏ចូររាប់ខ្សាច់១ពែងនេះ បើរាប់អស់ទើបយកទៅបាន!»
យមបាលតបថា៖
«មិនក្រអ្វីទេត្រឹមការរាប់ខ្សាច់១ពែងប៉ុណ្ណោះ!»
ហើយក៏នាំគ្នារាប់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់។ គ្រាប់ខ្សាច់ដែល យកចេញអំពីពែងរាប់ដាក់ទៅខាងក្រៅទៅជាគំនរយ៉ាងធំកម្ពស់ស្មើចុងត្នោត តែគ្រាប់ខ្សាច់ក្នុងពែងគង់នៅដដែល គ្មានស្រកស្រុតទៅណាសោះ។ ពួកយមបាលទាល់ចំណេះនឹងរាប់ ហើយក៏នាំគ្នាត្រលប់ទៅយមលោកវិញ។
ចំណែកអន្នំលោកង្សិន៍ទេវបុត្របាននៅសោយសម្បត្តិក្នុងទេវលោកអស់កាលអង្វែងតមកទៀត មិនបានទៅសោយទុក្ខក្នុងនរក ដូចដែលយមបាលកំណត់ទុកនោះទេ។ ទាំងនេះក៏ដោយអំណាចផល្លានិសង្សដែលបានសាងវាលុកចេតិយ និងធ្វើបុណ្យឆ្លងដូចពោលហើយ។
និទានទី៣
តំណាលកាលពីរឿងចៅកម្ជិលខ្សាច់ ថាមានក្មេងម្នាក់ចេះតែទៅកភ្នំខ្សាច់នោះរាល់ៗថ្ងៃ ប្រលាក់ទៅដោយដីខ្សាច់ប្រលូសតែរាល់ថ្ងៃ ទាល់តែគេហៅថា «ចៅកម្ជិលខ្សាច់»។ នាថ្ងៃមួយ ព្រះឥន្ទ្របើកទិព្វចក្ខុមើលឃើញចៅកម្ជិលខ្សាច់ពូនភ្នំដូច្នោះ ក៏ចាត់ឱ្យនាងទេពធីតា១អង្គចុះមកធ្វើ ជាប្រពន្ធចៅកម្ជិលខ្សាច់។
ដំបូងចៅកម្ជិលខ្សាច់ប្រកែកមិនព្រមយកដោយថ្លែងថា ខ្លួននៅក្មេងណាស់ មិនទាន់ចេះរកស៊ីចិញ្ចឹម នាងទេពធីតាទើបទៅរកម្ដាយឪពុកចៅកម្ជិលខ្សាច់ថ្លែងប្រាប់ថា ខ្លួនជាទេពធីតា ព្រះឥន្ទ្រប្រើឱ្យចុះមកធ្វើជាប្រពន្ធចៅកម្ជិលខ្សាច់។ មាតាបិតាឃើញនាងទេពធីតា ក៏ពេញចិត្ត ដោយនាងមានរូបឆោមល្អ ទើបសំណេះសំណាលលួងលោមចៅកម្ជិលខ្សាច់ ទាល់តែព្រមយក។ ចៅកម្ជិលខ្សាច់តាំងពីបាននាងទេពធីតាជាប្រពន្ធហើយ ខ្លួនប្រាណក៏ស្អាតបាត ផូរផង់ ល្អជាងពីមុនមកឆ្ងាយណាស់ដោយនាងទេពធីតាជួយថែសម្អាត ទាំងសមរម្យគ្នានឹងប្រពន្ធនោះណាស់ ទាល់តែល្បីកេរ្តិ៍ឈ្មោះទៅថា ចៅកម្ជិលខ្សាច់ បាននាងទេពធីតាជាភរិយាល្អសមគ្នាណាស់។
គ្រានោះពួកមន្ត្រីសេនាបតីជាដើម ក៏បានទៅពិនិត្យមើលឃើញដូចពាក្យគេតំណាល។ ទទួលវេលានោះ ស្តេចផែនដីសុគត គ្មានអ្នកទទួលរាជសម្បត្តិគ្រប់គ្រងផែនដី គេគិតឃើញថា ចៅកម្ជិលខ្សាច់សមគួរជាព្រះរាជាម្ចាស់ផែនដី។ ក្រោយនោះគេក៏ធ្វើការផ្សងបុស្បុករកអ្នកមានបុណ្យធ្វើជាម្ចាស់ផែនដី។ បុស្បុកក៏ទៅត្រូវលើចៅកម្ជិលខ្សាច់ គេទើបនាំគ្នាអញ្ជើញទៅឱ្យសោយរាជ្យ ព្រមទាំងនាងទេពធីតា។ ផលដែលជាទិដ្ឋធម្មវេទនីយដូច្នេះ លោកថាបាន ដោយហេតុដែលបានពូនភ្នំខ្សាច់នោះឯង។ កាលកើតមានរឿងសម្ដែងអំពីអានិសង្សនៃការសាងវាលុកចេតិយ ដូច្នេះហើយខ្មែរយើងបានដឹងរឿងទាំងនេះហើយ ក៏កើតសេចក្ដីជឿ និងជ្រះថ្លា ទើបបាននាំគ្នាសាងវាលុកចេតិយជាប់ជាបវេណីដរាបមកដល់បច្ចុប្បន្នកាល។
បំបួសភ្នំ
លោកអាចារ្យសូត្រធម៌ អធិដ្ឋានវាលុកចេតិយឱ្យតំណាងព្រះចូឡាមណីចេតិយ រួចយកកំណត់ប្រវែងប្រមាណមួយម៉ែត្រកន្លះទៅពានាពាក់ឆៀងព្រះចេតិយដែលតាមសម្ដីអ្នកស្រុកហៅថា «បំបួសភ្នំ»។ ក្នុងឱកាសនោះដែរ ព្រះសង្ឃសូត្រធម៌ចំរើនព្រះបរិត្តនៅសាលាធម្មដោយបន្តអំបោះមកដល់ភ្នំទាំងអស់។ ភ្នំដែលបានឡើងជាអង្គចេតិយហើយ អ្នកណាមួយទៅជាន់ រំលង ឬរំលាយមុនគេផ្សឹកទុកត្រូវទទួលបាប។
ផ្សឹកវាលុកចេតិយ។
ក្រោយពីការធ្វើកិច្ចសព្វគ្រប់ហើយ លោកអាចារ្យសូត្របួងសួង និងថ្វាយគ្រឿងសក្ការដល់អស់ទេវតា ព្រះយមរាជដែលតែងតែត្រួតត្រាមើលការខុសត្រូវដល់មនុស្សលោក ដើម្បីសុំខមាទោសចំពោះអំពើខុសឆ្គងទាំងឡាយកន្លងមក ដោយការអនុគ្រោះសុំឱ្យផ្ដាច់កម្ម ផ្ដាច់ពៀរ និងសុំសេចក្ដីសុខចំរើនតរៀងទៅ។ បន្ទាប់មកលោកអាចារ្យបានឧទ្ទិសកុសលជូនដល់អ្នកដែល ចែកឋានទៅ មានមាតាបិតាជីដូន ជីតាព្រមទាំងញាតិមិត្តទាំងអស់ផង។
ថ្ងៃបន្ទាប់ ពុទ្ធបរិស័ទមកជួបជុំគ្នា លោកអាចារ្យចាប់ដំណើរការថ្វាយបង្គំព្រះសមាទានសីលនៅធម្មសាលា។ បន្ទាប់មកគេនាំគ្នារាប់បាត្របន្តហូរហែ ទាល់តែអស់អ្នកដែលមានសទ្ធា។ នៅពេលបញ្ចប់ការរាប់បាត្រ គេបានកាន់ទៀន ធូប ផ្កាគ្រប់ដៃទៅកាន់ភ្នំខ្សាច់។ អាចារ្យចាប់ផ្ដើមពិធីនៅចំពោះភ្នំខ្សាច់ ដូចកាលពីល្ងាចម្ដងទៀត។ ជាមួយគ្នានេះដែរ ព្រះសង្ឃសូត្រពុទ្ធមន្តប្រសិទ្ធិពរជ័យសិរីមង្គលនៅធម្មសាលា។
អាចារ្យបានបន្តពិធីនៅខាងក្រៅមុខភ្នំ គឺឆ្លងបុណ្យ ហើយធ្វើកិច្ចផ្សឹកភ្នំវិញដោយពោលថា៖ «អិមំវាលុកចេតិយំបច្ចក្ខាមិ» ប្រែថា៖ «ខ្ញុំផ្សឹកឥលូវនេះនូវវាលុកចេតិយនេះចេញ» គឺលែងប្រកាន់ថា ជាចេតិយទៀតហើយ អ្នកណារំលាយក៏គ្មានបាបដែរ។ គេនាំគ្នាចូលធម្មសាលាដើម្បីវេរភត្តប្រគេនព្រះសង្ឃឆាន់ត្រង់។ ពេលរសៀល គេជួបជុំគ្នាដើម្បីនមស្សការថ្វាយបង្គំព្រះ និងអរតនាព្រះសង្ឃសម្ដែងធម្មទេសនា។ កម្មវិធីជាបន្ត គេនាំគ្នាសម្អាតព្រះពុទ្ធរូប ហើយបាចផ្កា បាញ់ទឹកអប់ (ស្រង់ព្រះ)។ នេះជាពិធីតាមបែបសាសនា។
អត្ថន័យនៃបុណ្យចូលឆ្នាំខ្មែរ
ជារៀងរាល់ឆ្នាំ ខ្មែរនិយមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅថ្ងៃទី១៣ មេសា (យូរៗ ម្ដង ថ្ងៃទី១៤ ) ត្រូវនឹងខែចេត្រ តាមចន្ទគតិ។ ខ្មែរកំណត់យកពេលបុណ្យ ចូលឆ្នាំថ្មី ខែមេសា (ខែចេត្រ) នេះ ពីព្រោះខែចេត្រ ជាដើមឆ្នាំដែលព្រះអាទិត្យចូលកាន់មេរាសី គឺព្រះអាទិត្យដើរចំពីលើក្បាល ជាសង្ក្រាន្ត។ តាមប្រពៃណី ខ្មែរនិយមរៀបចំចូលឆ្នាំ ចំនួន៣ថ្ងៃគឺ៖ ថ្ងៃទីមួយ ជាថ្ងៃចូលឆ្នាំ ថ្ងៃទីពីរ ជាថ្ងៃវារៈវ័នបត ថ្ងៃទីបីជាថ្ងៃវារៈឡើងស័ក។
ខ្មែរមានជំនឿថា ក្នុងអំឡុងពេលមួយឆ្នាំនៃការរស់នៅ គេតែងជួបប្រទះអពមង្គល ឧបទ្រពចង្រៃផ្សេងៗ ជួនកាលមានទុក្ខសោក ជួនកាលមានគ្រោះអាសន្នអន្ធក្រ ជួនកាលមានគ្រោះជំងឺរួតរឹតរាងកាយ ជូនកាលទៀត បានប្រព្រឹត្តអំពើសៅហ្មងមិនគប្បី។ លុះផុតឆ្នាំចាស់ទៅ គេនាំគ្នាធ្វើបុណ្យ គេស្លៀកពាក់ថ្មីៗ គេនាំគ្នាដើរលេងកម្សាន្ត ដើម្បីឱ្យអស់កង្វល់ ហើយឱ្យមានសិរីសួស្ដី មានសុភមង្គលនៅក្នុងឆ្នាំថ្មី។
ម្យ៉ាងទៀត រយៈពេលមួយឆ្នាំដែលគេបានបែកចេញពីគ្រួសារ និងញាតិមិត្តដែលទៅប្រកបរបរចិញ្ចឹមជីវិតនៅឆ្ងាយៗ លុះដល់ឆ្នាំថ្មី គេបានវិលមកជួបជុំគ្នា សូរសុខទុក្ខគ្នា ដើម្បីបន្ធូរបន្ថយការនឹករលឹក និងបំបាត់ការនឿយហត់ពីការងារផង រួចទើបបន្តជីវភាពថ្មីនៅក្នុងឆ្នាំថ្មី ប្រកបរបរដោយជោគជ័យ និងអាយុយឺនយូរ។
អត្ថន័យម្យ៉ាងទៀត ស្ថិតនៅត្រង់ពិធីបុណ្យចូលឆ្នាំថ្មី គឺជាប្រពៃណីមួយអាចបណ្ដុះស្មារតីស្រឡាញ់រាប់អានគ្នារវាងអ្នក ស្រុកព្រៀងលាន ជាកត្តាបង្កើតសាមគ្គីភាពជាតិ។ ហេតុនេះហើយ ទើបនៅពេលនោះ គេមិនត្រឹមតែជួបជុំគ្នាក្នុងគ្រួសារប៉ុននោះទេ តែគេនាំគ្នាទៅធ្វើ បុណ្យនៅវត្តអារាមទៀត ដែលជាមជ្ឈមណ្ឌលបង្កើតសាមគ្គីភាព។ ដោយសារពិធីបុណ្យចូលឆ្នាំថ្មី មានអត្ថន័យធំធេងយ៉ាងនេះហើយ ទើបខ្មែរយើងនិយមរាប់អានទុកជា ប្រពៃណីជាតិមួយ តាំងពីដើមរហូតមក៕
ចប់
open Society